(ភ្នំពេញ)៖នៅរសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង និងលោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំស្ដីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ។
កិច្ចប្រជុំក៏ដូចជាពីធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ៖
(១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ
(២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
(៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។